រដ្ឋាភិបាលអ៉ីស្រាអែល របស់លោក Benjamin Netanyahu បានអនុម័តយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃសុក្រ ទី១០ ខែតុលានេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្អាកការសង្រ្គាមក្នុងពេល ២៤ម៉ោងខាងមុខ ជាមួយនឹងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលជាប់ឃុំនៅតំបន់ហ្កាហ្សាក្នុងពេល ៧២ម៉ោង។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters គណៈរដ្ឋមន្ត្រីអ៉ីស្រាអែលបានឯកភាពគ្នាលើការអនុម័តកិច្ចព្រមព្រៀងជាមួយហាម៉ាស នៅព្រឹកថ្ងៃសុក្រ ពោល២៤ម៉ោងក្រោយក្រុមអ្នកសម្របសម្រួលកិច្ចចរចាប្រកាសពីកិច្ចព្រមព្រៀងមួយស្ដីពីការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន នៅក្នុងដំណាក់កាលទី១ សម្រាប់ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង២ឆ្នាំមកនេះនៅតំបន់ហ្កាហ្សា។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបង្ហោះសារ លើបណ្ដាញទំនាក់ទំនងសង្គម X ដោយនិយាយថា រដ្ឋាភិបាលរបស់លោកទើបតែអនុម័តយល់ព្រមលើក្របខណ្ឌការងារសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ ទាំងនៅមានជីវិត និងសាកសពចំណាប់ខ្មាំង។
ចំណែកឯណោះ ដែលមានមេដឹកនាំហាម៉ាស លោក Khalil Al-Hayya ក៏បានបញ្ជាក់ដែរថា លោកទទួលបានការធានាពីសហរដ្ឋអាមេរិក និងក្រុមអ្នកសម្របសម្រួលកិច្ចចរចាថាសង្រ្គាម នឹងត្រូវបិទបញ្ចប់៕
