លោកបណ្ឌិត អ៊ិន សុផល សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅពិធីការជាតិ-អន្តរជាតិ បានបញ្ចេញមតិយោបល់ជុំវិញបញ្ហាជម្លោះព្រំដែន ដែលកម្ពុជានៅតែសម្រេចបញ្ជូនទៅតុលាការ ICJ ទោះកម្ពុជាឯកភាពធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ គណៈកម្មការចម្រុះ JBCក៏ដោយ។

លោកបណ្ឌិត អ៊ិន សុផល បានសរសេររៀបរាប់លើបណ្ដាញសង្គម នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដែលមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោមថា៖
ការប្តឹងទៅ ICJ គឺជាជម្រើសដ៏ល្អសម្រាប់កម្ពុជា !
១.ភាគីថៃ មិនចង់ឡើងក្តីទៅតុលាការ ICJ នោះទេ ព្រោះធ្លាប់ទទួលមេរៀនម្តងរួចទៅហើយ ម្យ៉ាងវិញទៀតថៃ បានដឹងយ៉ាងច្បាស់ពីលទ្ធផល !
២.ក្នុងអំឡុងពេលនៃដំណើរការដាក់ពាក្យបណ្តឹងទៅ ICJ កម្ពុជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រៀមការពារខ្លួនឱ្យបានខ្លាំងក្លា ព្រោះគេអាចប្រើប្រាស់កម្លាំងយោធា ដើម្បីដាក់សម្ពាធមកលើកម្ពុជា និងតុលាការ ICJ ។
៣.សូមពលរដ្ឋខ្មែរទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ឱ្យបានខ្លាំងទោះបី ប្រជាជនថៃធ្វើបាតុកម្មប្រឆាំងកម្ពុជា ដែលគោលដៅគឺស្ថានទូតកម្ពុជានៅទីក្រុងបាងកកក៏ដោយ។ សូមកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់គេដូចឆ្នាំ២០០៣ទៀត ដែលកម្ពុជាខាតបង់ច្រើន។
៤.ស្ថានទូតទាំងអស់ ត្រូវទទួលបានការការពារដោយច្បាប់អន្តរជាតិ មិនអាចរំលោភបំពានបានឡើយ ហើយរដ្ឋម្ចាស់ ត្រូវមានកាតព្វកិច្ចការពារទាំងស្ថានទូត ការពារមន្ត្រីការទូត រួមទាំងក្រុមគ្រួសារ និងទ្រព្យសម្បត្តិរបស់ពួកគេ ដែលមិនអាចប៉ះពាល់ និងរំលោភបំពានបានឡើយ ។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន សុផល ក៏បានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះចំណាត់ការដ៏ចាស់ទុំ និងមានជំនឿជឿជាក់ចំពោះរាជរដ្ឋាភិបាលដែលសម្រេចបញ្ជូនបញ្ហាជម្លោះព្រំដែនជាមួុយប្រទេសថៃទៅតុលាការ ICJផងដែរ៕




