ឆ្លើយតបនឹងការចោទប្រកាន់របស់បាតុករថៃ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ ។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត ។
ការវាយប្រហារនេះបានបំពានទៅលើ អធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់ ។
ឯកឧត្តម អ្នកនាំពាក្យ ថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។
ជុំវិញករណីបាតុកម្ម ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងទីក្រុងបាងកកនេះ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏បានបញ្ជាក់នៅបណ្តាញសង្គមដែរថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាតុករដែលហៅខ្លួនឯងថា «បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ» បានប្រមូលផ្តុំគ្នាចំនួនប្រមាណ ២០០នាក់ នៅទីតាំងដងផ្លូវម្ខាងទៀត ទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្ម ថ្លែងញត្តិ ទាមទារឲ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។ ការប្រមូលផ្តុំ បានប្រព្រឹត្តទៅដោយធម្មតា មានសណ្តាប់ធ្នាប់ និងរំសាយទៅវិញនៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃដដែល។
ឯកឧត្តម ហ៊ុន សារឿន បានឲ្យដឹងទៀតថា សមត្ថកិច្ចនគរបាលថៃ បានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។ ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា៕
អត្ថបទ៖ ពុទ្ធិកា