លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះជួបសំណេះសំណាលជាមួុយពលករខ្មែរ វិលមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ។ នេះបើយោងតាមរដ្ឋបាលខេត្តប៉ៃលិននាថ្ងៃ២៥ ខែមិថុនានេះ។

លោកជំទាវ បាន ស្រីមុំ បានបង្ហាញពីការណែនាំដ៏ច្បាស់លាស់ និងជំហានរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការវិលត្រឡប់ដល់ពលករខ្មែរ ដោយផ្តល់ជំនួយទាំងស្រុង ក្នុងការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ជាពិសេសជួយស្វែងរកការងារក្នុងស្រុកជូនពលករខ្មែរទាំងអស់។
ជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានពលករខ្មែរបានធ្វើដំណើរ ឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ រៀបចំទីតាំងត្រៀមទទួលបងប្អូនពលករនៅក្បែរព្រំដែន។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏បានត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរវិលមកពីប្រទេសថៃ ដោយសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួនផងដែរ ។
ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករខ្មែរ ដែលជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន៕
អត្ថបទ៖ ផុន លីហ្សា





