បណ្ឌិត យង់ ពៅ ៖ ថៃទាំងឡាយ! កុំចង្អុលមកកម្ពុជា ខណៈថៃខ្លួនឯង ប្រើផែនទីចោរឆ្នាំ២០០៨

ក្នុងស្ថានភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ រហូតមានការបិទច្រកតំបន់ និងច្រករបៀងបណ្ដោះអាសន្នដោយភាគីថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានចេញសម្ដីឆ្លើយតបតាមបណ្ដាញសង្គម ដោយផ្ដាំថៃឱ្យគោរពច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មុននឹងប្រតិកម្មនយោបាយណាមួយចំពោះកម្ពុជា។

បណ្ឌិត យង់ ពៅ លើកឡើងថា « ទាំងយោធា ទាំងរដ្ឋាភិបាល ទាំងអ្នកជាតិនិយមវង្វេងសម័យកាលទាំងឡាយ មុននឹងប្រតិកម្មមកកម្ពុជា ថៃទាំងឡាយឯងត្រូវតាំងចិត្តគោរព «ផែន ទីដើម» ភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤, ឆ្នាំ១៩០៧ ដូចដែលអតីតមហាក្សត្រថៃបានទទួលយកកាលពីឆ្នាំ១៩០៨ និងកុំចង្អុលមកកម្ពុជា ក្នុងខណៈថៃខ្លួនឯង ប្រើផែនទីចោរឆ្នាំ២០០៨»។

បើមិនដូច្នោះជាតិសាសន៍ថៃនេះ នឹងរងនូវភាពអាម៉ាស់ សារជាថ្មី បាត់បង់កិត្តិយសក្នុងឋានៈជារដ្ឋទំនើប។

បណ្ឌិត យង់ ពៅ រំឭកថា «កាលពី៦៣ឆ្នាំ ពោលគឺខែមិថុនា ១៩៦២ សហគមន៍អន្តរជាតិ ចាត់ទុកថា សកម្មភាពរបស់ថៃជាឥរិយាបថអសីលធម៌លើច្បាប់អន្តរជាតិ ហើយគំរាមប្រទេសថៃបើមិនព្រមអនុវត្តសាលក្រម ICJ (១៥ មិថុនា ១៩៦២) ករណីប្រាសាទព្រះវិហារទេ នឹងមានបញ្ហានៅក្នុងកិច្ចការអន្តរជាតិ។ 

គ្រានោះ ប្រទេសមហាអំណាចបានព្រមានដល់ប្រទេសថៃ ថា នឹងត្រូវបញ្ឈប់ពីតួនាទីជាសមាជិកអង្គការសហប្រជាជាតិ ប្រសិនបើប្រទេសថៃមិនព្រមទទួលយកនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ បើមិនព្រមលះបង់ប្រាសាទព្រះវិហារ និងទឹកដីមួយចំនួនដែលខ្លួនកាន់កាប់នោះទេ»។

ការណ៍នេះ ថៃក៏បានឥរិយាបថគោរពសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ។ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ ដោយលោក សារិត ថាណារ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា ប្រទេសលោកលំឱនកាយគោរព ទទួលយក សេចក្ដីសម្រេច ICJ ដើម្បីគោរពនូវកិច្ចសន្យារបស់ខ្លួនទៅនឹងធម្មនុញ្ញ UN។ បន្ទាប់មកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៦២ ប្រមុខការទូតថៃ ក៏បានផ្ញើលិខិតទទួលស្គាល់នូវសាលក្រមរបស់ ICJ ទៅកាន់អគ្គលេខាធិការ UN។

បណ្ឌិត យង់ ពៅ អះអាងថា ពាក់ព័ន្ធនឹងរឿងប្រាសាទព្រះវិហារនេះ ថៃត្រូវរងនូវភាពអាម៉ាសម្តងទៀត ព្រោះតែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទរបស់ខ្មែរនៅលើភ្នំដងរែកមួយនេះ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ 

អាស្រ័យហេតុនេះ ទើបជំរុញឱ្យមានការកើនឡើងជម្លោះរវាងកម្ពុជានិងថៃ តែត្រូវបានដោះស្រាយ និងបកស្រាយដោយសេចក្តីសម្រេចរបស់ ICJ មួយផ្សេងទៀត នៅឆ្នាំ២០១៤ គឺកម្ពុជាឈ្នះដដែល៕