ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មើលឃើញពីស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជាពោរពេញដោយថាមពល និងអានុភាពមិនថមថយ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៩ ខែមិថុនានេះ បានលើកឡើងថា ក្នុងបេសកកម្មចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា ឯកឧត្តមបានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូន។

ឯកឧត្តមបានគូសបញ្ជាក់ថា «បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្តក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ។ យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុនរបស់យើងបានខិតខំកសាង និងបន្សល់ទុកដល់ពួកយើងយ៉ាងលំបាកលំបិនបំផុត»។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត៕