ក្រសួងកសិកម្ម គ្រោងបង្កើត​ស្ទីកឃ័រ ទម្រង់ជា​QR Code កំណត់ប្រភពកសិផលកម្ពុជា ​ដើម្បីបង្ការការក្លែងបន្លំនិងបង្កើន​ទំនុកចិត្តដល់អ្នកទិញ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើត​ស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជា​ក្នុងទម្រង់ជា​ QR Code​ ដើម្បីជួយបង្ការការក្លែងបន្លំប្រភព​កសិផលកម្ពុជា​ ក៏ដូចជាបង្កើន​ទំនុកចិត្តរបស់អ្នកទិញ​ និងអ្នកទទួលទាន។ នេះជា​ការលើ​ក​ឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសំណេះសំណាលជាមួយកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ ដើម្បីក្តាប់ស្ថានភាពផលិតកម្ម​ ស្តាប់សំណូមពរ​ និងផ្តល់ការគាំទ្រ​ចាំបាច់ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អ​ឱ្យបានខ្ជាប់ខ្ជួន ​ដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា​ ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់​ រួមមានការចុះបញ្ជីចម្ការ​ ការប្រើប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព​ ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ​ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។

ឯកឧត្តម រដ្ឋមន្ត្រី ពិតជារីករាយដែល​បានស្តាប់ឮផ្ទាល់ថា​ កសិករដាំទុរេននៅឃុំអូរសោមទទួលបាន​ប្រាក់ចំណេញ​ច្រើន​ និងកំពុងបង្កើន​ការដាំដុះបន្ថែម ដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន​ នាពេលខាងមុខ​ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបើកទីផ្សារដើម្បីនាំចេញទុរេនកម្ពុជា​ទៅប្រទេសចិន​ កាលពីខែមេសាកន្លងទៅ៕