សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមពិធីបើកសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ដែលបានធ្វើឡើងនៅទីក្រុងនីស ប្រទេសបារាំង ថ្ងៃចន្ទ ទី៩ មិថុនា ២០២៥។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងសន្និសីទនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។

ការចូលរួមរបស់កម្ពុជា បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំ ចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ក្នុងគោលដៅទី១៤ ជីវិតក្រោមទឹក។
គួរបញ្ជាក់ថា សន្និសីទអង្គការសប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ៕

