គ្មានការពន្យារពេល! រដ្ឋបាលរាជធានីបដិសេធការទាមទារតម្លៃហួសហេតុ ពីគ្រួសារចំនួន៣ ក្នុងគម្រោងសាងសង់ស្ពានទន្លេបាសាក់ ដើម្បីធានាការអភិវឌ្ឍន៍ដូចផែនការ

រដ្ឋបាលរាជធានីភ្នំពេញ ឆ្លើយតបទៅនឹងម្ចាស់បណ្តាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannseang ដែលបានបង្ហោះរូបភាព ដោយលើកឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ថា «គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយដោយមិនទាន់បានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោម ព្រែកប្រា សូមសម្តេចពុក សម្តេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង» ។

គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់រួចរាល់បាន ៩៨% ហើយ គឺនៅសល់តែចំនួន ០៣ គ្រួសារតែប៉ុណ្ណោះ។

រដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា សំណងផលប៉ះពាល់សរុប ៣.៣២០.៧៦១,៨៦$(បីលានបីរយម្ភៃពាន់ប្រាំពីរយហុកសិបមួយដុល្លារអាមេរិក និងប៉ែតសិបប្រាំមួយសេន) ប៉ុន្តែពួកគាត់មិនព្រមទទួលយក ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន។

រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវដកហូតទីតាំងខាងលើនេះមកឱ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឱ្យទាន់ផែនការកំណត់ ដើម្បីប្រយោជន៍សាធារណៈ ដោយមិនអាចបណ្តែតបណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋចំនួន ០៣ គ្រួសារ ធ្វើឱ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះឡើយ។

សូមជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ខាងកើត និងខាងលិចរាជធានីភ្នំពេញ ជាពិសេសនឹង បញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុចស្ពានព្រះមុនីវង្សោងដែរ៕