លោក ឆាយ បូរ៉ា៖ ការឈប់ផ្សាយភាពយន្តថៃ ជាឱកាសល្អសម្រាប់ផលិតករខ្មែរ !

ក្នុងនាមជាផលិតករជើងចាស់មួយរូបដែលមានស្នាដៃធំៗជាច្រើនក្នុងការផលិតភាពយន្តខ្មែរសម្រាប់ដាក់បញ្ចាំងនៅរោងភាពយន្តទាំងក្នុងនិងក្រៅប្រទេស លោក ឆាយ បូរ៉ា បានចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានជូនដំណឹងអំពី ការបញ្ឈប់ការចាក់បញ្ចាំងភាពយន្ត ថៃ នៅតាមរោងភាពយន្ត ។

កាលពីព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឲ្យម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ បញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត ចាប់ពីម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៥ តទៅ ។

លោក ឆាយ បូរ៉ា ផលិតករល្បីឈ្មោះក្នុងស្រុកមួយរូប បានចូលរួមគាំទ្រយ៉ាងពេញទំហឹងជាមួយសេចក្តីប្រកាសនេះ ដោយលោកបានបញ្ជាក់ថា ឈប់ផ្សាយភាពយន្ត ថៃ ជាឱកាសល្អសម្រាប់ផលិតករខ្មែរ ត្រូវគិតពីយុទ្ធសាស្រ្តដើម្បីទ្រងទ្រង់វិស័យភាពយន្តខ្មែរ ។

លោក បន្តថា តាមពិតអ្នកទស្សនាភាពយន្ត ថៃ ថមថយច្រើន តាំងពី២ឆ្នាំកន្លងទៅហើយ ទស្សនិកជន ខ្មែរ មិនផ្តោតលើភាពយន្ត ថៃ ប៉ុន្មានទេ និយាយដោយឡែកភាពយន្តតាមរោងភាពយន្ត ។ ចំពោះការបិទមិនអោយចាក់ផ្សាយ ឬបញ្ចាំងភាពយន្តថៃ ជាការសម្រេចដ៏ត្រឹមត្រូវ ឆ្លើយតបចំពោះទង្វើរបស់អ្នកនយោបាយ ថៃ ចំពោះកម្ពុជា ។

វាមិនមែនជាឱកាសធំដុំសម្រាប់ផលិតករខ្មែរប៉ុន្មាននោះទេ តែវាគ្រាន់តែជាជញ្ជីង ពាណិជ្ជកម្ម និងកិត្តិយសនៃជាតិសាសន៍ យើងដែល ប្រមុខរដ្ឋាភិបាលយើងថ្លឹងថ្លែងអោយស្មើតែប៉ុណ្ណោះ ។ នេះជាការបន្ថែមរបស់លោក ឆាយ បូរ៉ា។

បន្ទាប់ពីមានសេចក្តីប្រកាសបែបនេះទាំងសិល្បករ ផលិតករ និង សមាគមសិល្បករ បានចូលរួមគាំទ្រពេញទំហឹងចំពោះរឿង បញ្ឍប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្ត ៕