ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងមហាគ្រួសារវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងអង្គរក្ស (ទួល៩៥) កំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ដែលបានប្ដូរផ្ដាច់ ការពាររាល់គ្រប់ការឈ្លានពានទាំងឡាយ ក្នុងបុព្វហេតុការពារដែលអធិបតេយ្យភាពជាតិ ជាពិសេសការធានាដល់ការការពារ ជាតិ សាសនា និងព្រះមហាក្សត្រ។
ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានវត្តមានចូលរួមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងនាយទាហានប្រមាណ ៥០០នាក់។
ឯកឧត្តម ហួត ហាក់ គូសបញ្ជាក់ថា ដោយអនុវត្តតាមការអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីស្នេហាជាតិ ឯកភាពជាតិ ការរួមគ្នាសាមគ្គីភាពជាធ្លុងមួយ ឱ្យក្លាយជាខឿនការពារជាតិដ៏រឹងមាំ បង្ហាញថា កងទ័ពការពារនៅជួរមុខ ចំណែកប្រជាជនជាអ្នកនៅពីក្រោយផ្ដល់ការលើកទឹកចិត្តដ៏រឹងមាំជូនកងទ័ព។
ជាមួយនឹងការសួរសុខទុក្ខ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងស្មារតីនៃមហាគ្រួសារវិស័យទេសចរណ៍ទាំងអស់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍ខេត្ត រួមជាមួយអង្គភាពពាក់ព័ន្ធ (គ្រឹះស្ថានអង្គរ) និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន ក្នុងវិស័យឯកជន ក៏បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ក្នុងនោះរួមមាន៖ អង្ករ ចំនួន ១តោន, មីជាតិចំនួន ៣០០កេស, ត្រីងៀត ចំនួន ១០០គីឡូ, ត្រីខ ចំនួន ១២កេសធំ, សាច់ក្រក ៦០គីឡូ, សៀង ៥០គីឡូ, ឆៃប៉ូវ ៥០គីឡូ, ការហ្វេកញ្ចប់ ចំនួន ៦០កញ្ចប់ធំ, ទឹកដោះគោ ៥០កេស, ទឹកត្រី + ទឹកស៊ីអ៊ីវ ចំនួន ២០០យួរ, ទឹកបរិសុទ្ធកម្ពុជា ចំនួន ២០០កេស និងភេសជ្ជៈប៉ូវកម្លាំង ចំនួន ២០០កេស។