អភិបាលខេត្តកំពង់ធំ ប្រាប់ឲ្យព​លរដ្ឋប្រុងប្រយ័ត្ន ​ខណៈ​ទឹក​ស្ទឹង​ស្ទោងនិង​​ស្ទឹង​សែន បន្តហក់​ឡើង​ដោយសារ​ទឹកភ្លៀង

ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទឹកស្ទឹងស្ទោង និងស្ទឹងសែន កើនឡើងយ៉ាងឆាប់រហ័សប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការរី បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលកើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួន នៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន កំពុងប្រឈមនឹងការលិចលង់ បើជំនន់ទឹកភ្លៀង​នៅតែបន្តហក់ឡើង។

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសសុវត្ថិភាពរបស់កុមារតូចៗ នៅក្នុងរដូវទឹកឡើងនេះ ៕

អត្ថបទ៖ ពុទ្ធិកា