រយៈពេលត្រឹមតែ១៦ថ្ងៃប៉ុណ្ណោះ យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» មានចំនួនអ្នកចូលរួមបរិច្ចាគរហូតដល់ជាង ២៥ម៉ឺននាក់ និងកៀរគរថវិកាបានចំនួនជាង៤លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមអ្នកមានប្រជាប្រិយភាពតាម បណ្តាញសង្គម និងក្រុមសិល្បករ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២៥នេះ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តថា មូលនិធិបុប្ផាកម្ពុជា បានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ជួយទៅដល់កុមារក្រីក្រ មកពីបណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ដោយក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវចំណាយថវិកាប្រមាណ ១២ម៉ឺនដុល្លារអាមេរិកជាប្រចាំ ឬមួយឆ្នាំជាង ៤៣ម៉ឺនដុល្លារអាមេរិក ។ ហើយឆ្នាំនេះគឺជាលើកទីពីរហើយ ដែលលោកជំទាវបណ្ឌិត បានចូលរួមនៅក្នុងការកៀរគរកមូលនិធិ ឆ្នាំនេះឃើញថាមានសន្ទុះខ្លាំងជាងឆ្នាំមុន ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណ និងសូមកោតសរសើរអស់ពីចិត្ត ដល់ក្រុមបុគ្គលដែលមានប្រជាប្រិយភាព និងក្រុមសិល្បករ តំណាងអ្នកសារព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាផ្សេងៗទៀត ដែលជួយផ្សព្វផ្សាយ ក៏ដូចជាសូមបន្តចូលរួមផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លើសពីនោះទៀត លោកជំទាវបណ្ឌិត ក៏សូមថ្លែងអំណរគុណដល់ក្រុមប្រតិបត្តិករ នៃមូលនិធិគន្ធបុប្ផាកម្ពុជាទាំងអស់ ដែលបាន បង្កើតនូវសកម្មភាពថ្មីៗប្រចាំចុងសប្តាហ៍ ក្នុងការកៀរគររកមូលនិធិ ដែលទាំងអស់នេះជាគុណបុណ្យដ៏ធំសម្រាប់យើងទាំងអស់គ្នា ដែលនេះបានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការសង្គ្រោះជីវិតទារក និងកុមារដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើង។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ នោះ លោកជំទាវបណ្ឌិត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះ ក្រុមបង្កើតមាតិកាសង្គម ក៏ដូចជាក្រុមសិល្បករ ក្នុងការចូលរួមជួយផ្សព្វផ្សាយ ការគៀងគររកមូលនិធិគន្ធបុប្ផាកម្ពុជាឆ្នាំ២០២៥ ដែលជាកម្លាំងសាមគ្គីរួមគ្នា ជួយដល់ការងារសប្បុរសធម៌នៅក្នុងសង្គម។
តំណាងក្រុមបុគ្គលមានប្រជាប្រិយភាព ក៏ដូចជាក្រុមសិល្បករ ដែលបានចូលរួមបានលើកឡើងថា ពួកគាត់ពិតមានមោទនភាព ដែលរួចចំណែកក្នុងការផ្សព្វផ្សាយរកមូលនិធិនេះដើម្បីកុមារកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសបានអនុញ្ញាតឲ្យក្រុមទាំងពីរ បានចូលរួមក្នុងយុទ្ធនាការនេះ ដូច្នេះក្នុងនាមជាខ្មែរ ត្រូវមានកាតព្វកិច្ចចូលរួមក្នុងន័យ ខ្មែរជួយខ្មែរ ដែលកំពុងត្រូវការជំនួយប្រចាំថ្ងៃ នេះជាការលើកឡើងរបស់ពួកគាត់៕
អត្ថបទ៖ ពុទ្ធិកា

