រហ័សជាងមុន! ចិន-កម្ពុជា បើកផ្លូវដឹកទំនិញថ្មី កាត់បន្ថយពេលដឹកត្រឹមតែ ៩ ថ្ងៃប៉ុណ្ណោះ

នាវាដឹកទំនិញដំបូងបានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឆ្ពោះមកកាន់កំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការបើកដំណើរការជាផ្លូវការនៃជើងនាវាកុងតឺន័រថ្មីមួយ ដោយជោគជ័យ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា «កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការ​ចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming»។

ឯកឧត្តម វ៉ាង វិនពិន បញ្ជាក់ថា ការបើកជើងនាវាឆ្ពោះទៅត្រង់នេះ អាចកាត់បន្ថយពេលវេលាដឹកជញ្ជូនពីចន្លោះ ១៥ ទៅ ២០ ថ្ងៃ មកត្រឹមតែ ៩ ថ្ងៃប៉ុណ្ណោះ បើប្រៀបធៀបនឹងប្រព័ន្ធដឹកជញ្ជូនប្រពៃណី។

តាមទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ ២០២៤ សកម្ម​ភាព​នៃ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុបជាង ១៥ពាន់លាន​ដុល្លារ កើន​ឡើងជាង ២៣ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន ជាង១២ ពាន់​លាន​ដុល្លារ​។

ក្នុង​​ចំនួន​នេះ គឺ​ទំនិញ​​​ចិន​នាំ​មក​កម្ពុជា មាន​ចំនួនជាង ១៣ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៦ ភាគរយ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនជាង១ពាន់​លាន​ដុល្លារ កើនជាង១៨ ភាគរយ។​

ជាមួយគ្នានេះ ការដឹកជញ្ជូននេះក៏ត្រូវបានគេរំពឹងថានឹងជួយអោយការផ្គត់ផ្គង់ទំនិញរវាងចិន និងកម្ពុជាមានភាពរលូន និងប្រសើរជាងមុនក្នុងរយៈពេលខាងមុខផងដែរ៕

អត្ថបទ៖ ផុន លីហ្សា