នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះសង្ឃនាយក អំ លីមហេង គណៈមហានិកាយ រួមទាំងថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានយាងនិមន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់ព្រះវិហារ ដើម្បីបង្ហាញនូវការគាំទ្រ ចំពោះស្មារតីវីរភាព និងការលះបង់ដ៏អង់អាចរបស់ទាហានកម្ពុជា។

សម្តេចព្រះសង្ឃនាយក អំ លីមហេង ក៏បានដឹកនាំគណៈសង្ឃនាយក ព្រះមន្ត្រីសង្ឃមួយចំនួន នាំយកព្រះរាជអំណោយដ៏សប្បុរសថ្លៃថ្លា ប្រគេនដល់ព្រះសង្ឃគង់នៅវត្តកែវសិក្ខាគិរីស្វារៈ (វត្តពោធិ៍៥០០០ដើម) និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៣១០ គ្រួសារ ដែលមានលំនៅដ្ឋានស្របតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ។
បច្ចុប្បន្ន ប្រជាពលរដ្ឋប្រមាណ ១៣១០ គ្រួសារ កំពុងតែស្នាក់អាស្រ័យជាបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តពោធិ៍៥០០០ ដើម ភូមិគូលែនត្បូង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។
គួរបញ្ជាក់ថា នេះជាការរួបរួមកម្លាំង និងបង្ហាញក្នុងការរួមគ្នាជាធ្លុងមួយ ចំពោះគ្រួសារកងកម្លាំងជួរមុខ និងចូលរួមជាស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិរបស់យើងក្នុងការការពារបូរណភាពទឹកដី ការពារប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ជាតិ៕
អត្ថបទ៖ ផុន លីហ្សា



