សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសនៅលើហ្វេកបុក នាល្ងាចថ្ងៃទី២២ មិថុនានេះ ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសបុក កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា នេះថា «ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវបានផ្អាកទាំងស្រុង ចាប់ពីម៉ោង ១២ យប់ថ្ងៃដដែលនោះតទៅ។
សម្តេចធិបតីបញ្ជាក់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។
ជាមួយគ្នានោះ ក្រុមហ៊ុនប្រេងបារាំង Total Energies ក៏បានបញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ។
សូមជម្រាបថា ការបិទនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃទាំងស្រុងនេះ បន្ទាប់ពីស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ បន្តតានតឹង ដោយភាគីថៃបន្តបំពាន និងបានប្រកាសបិទច្រកព្រំដែនបន្តបន្ទាប់ ដោយបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យផងដែរ៕
អត្ថបទ៖ ផុន លីហ្សា
