បើទោះដល់រដូវធ្លាក់ភ្លៀង សកម្មភាពបងប្អូនកងកម្លាំងនៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ កំពុងមមាញឹកលើការស្ថាបនាផ្លូវក្រវាត់ព្រំដែន នៅទិសរតនគិរី ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ក្រោយការបង្កើតមូលនិធិនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី បានស្ម័គ្រចិត្តបរិច្ចាគថវិកាតាមលទ្ធភាពរបស់ពួកគេចូលរួមក្នុងមូលនិធិនេះ។ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ពោលគឺរយៈពេល៦៦ថ្ងៃ មូលនិធិទទួលបានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាត់ទុកការចូលរួមនេះ គឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិកាស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិ ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា ការកសាងផ្លូវក្រវាត់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ហើយ បានអនុវត្តន៍ ចាប់ ពី ឆ្នាំ១៩៩៤មកម្ល៉េះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ ការសាងសង់ផ្លូវខ្សែក្រវាត់ព្រំដែនសម្រេចបានប្រវែង ២,៦១៥គីឡូម៉ែត្រ ស្មើនឹង ៤៨.១០ភាគរយ និងបោសសំអាតមីន -យុទ្ធភណ្ឌមិនទាន់ ផ្ទុះជិត ៣ម៉ឺនហិកតា។ ផ្លូវក្រវាត់ព្រំដែនដែលមិនទាន់បានសាងសង់នៅសល់ប្រមាណជា ៥១.៩០ភាគរយ៕







