ក្រុមហ៊ុន Plug and Play Cambodia នឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មី ឌីជីថលរបស់កម្ពុជា អាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ ការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

ពិធីនេះ ក៏មានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Plug and Play LLC លោក លោកស្រី ថ្នាក់ដឹកនាំ ក.ប.ទ. សាកលវិទ្យាធិការ តំណាងស្ថាប័នអប់រំ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល សរុបប្រមាណ ២២០រូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងថា ពិធីសម្ពោធជាផ្លូវការ ការិយាល័យក្រុមហ៊ុន Plug and Play Cambodia នាពេលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់យើង ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ក្នុងការជំរុញសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបង្កើនភាពទាក់ទាញរបស់កម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលធុរកិច្ចថ្មី ឌីជីថលឈានមុខមួយក្នុងតំបន់។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជា អាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស បង្កើតការងារ ព្រមទាំងការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម គ្រឹះស្ថានសិក្សា និងអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play ពីតំបន់ Silicon Valley អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។

សូមជម្រាបជូនថា ក្នុងពិធីនេះ ក៏មានការរៀបចំកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងឱកាសនិងបរិយាកាសវិនិយោគនៅកម្ពុជា ពីវាគ្មិនជាតិ និងអន្តរជាតិផងដែរ៕