កាលពីយប់ថ្ងៃទី២៥ មិថុនា ២០២៥ ការិយាល័យទំនាក់ទំនងព្រំដែនថៃ បានទំនាក់ទំនងមកលោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) តាមរយៈប្រព័ន្ធទំនាក់ទំនង Line ថាភាគីថៃនឹងបើកច្រកទ្វាអន្តរជាតិច្រកខៅឌីនចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច ដើម្បីសម្រួលការធ្វើដំណើរព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការបញ្ជាក់របស់ទីស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែមិថុនានេះ។

ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ភាគីថៃបើកឱ្យអនុញ្ញាតមានដូចខាងក្រោម៖
១-អនុញ្ញាតឲ្យពលករដែលកកស្ទះ នៅផ្សារថៃ ឲ្យចេញមកប្រទេសកម្ពុជាវិញបាន ។
២-អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលទៅទិញទំនិញនៅផ្សារថៃបាន ដោយប្រើលិខិតឆ្លងដែន ។
៣-អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ដែលមានលិខិតណាត់ពេទ្យ ចូលទៅខេត្តស្រះកែវ ឬ ស្រុកអារញ្ញ បាន ដោយប្រើលិខិតឆ្លងដែល ទៅព្រឹក វិលល្ងាច ។
៤-អ្នកដែលមានជំងឺធ្ងន់ធ្ងរត្រូវបានការអនុញ្ញាត ពីការិយាល័យទំនាក់ទំនង ព្រំដែនថៃ-កម្ពុជា ស្រុកអារញ្ញ ដោយមានការបញ្ជក់ពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ។
៥-អនុញ្ញាតអោយអ្នកជំងឺដែលបានទទួលការណាត់ពីពេទ្យនៅឯបាងកក អាចធ្វើដំណើរទៅបាន ដោយប្រើលិខិតឆ្លងដែន បានរយះពេល ២ ថ្ងៃ (ករណីអាចនៅបន្តបានលុះត្រាតែពេពេទ្យចេញលិខិតបញ្ជក់ )។
៦-អនុញ្ញាតអោយយាន្តយន្តកម្ពុជា ដែលកកស្ទះ នៅផ្សារថៃ អោយវិលត្រលប់មកកម្ពុជាវិញបាន ។
៧-ហាមម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ចេញពីកម្ពុជា ចូលទៅថៃ ។
៨-ហាម យានយន្តថៃ គ្រប់ប្រភេទ ឆ្លងដែនមកកម្ពុជាបានឡើយ។
គួរបញ្ជាក់ថា ពេលវេលា បើក និងបិទ ច្រកទ្វាព្រំដែន ដូចបានចែងខាងលើ ដែលអនុញ្ញាតបានត្រឹម ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨:០០នាទីព្រឹកនាទី ដល់ម៉ោង ១៦:០០នាទីរសៀលជាកំហិត។
ដោយឡែក ខេត្តបន្ទាយមានជ័យ ភាគីថៃបានបិទបើកច្រកដោយឯកតោភាគី ដោយមិនបានជូនដំណឹងមកខាងកម្ពុជានោះទេ ខណៈពេលនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យកំពុងនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត រង់ចាំមើលស្ថានភាពជាក់ស្តែង ហើយសិស្សានុសិស្សអនុញ្ញាតឱ្យចេញចូលធម្មតា៕
ប្រភព៖ AKP




