សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋានដើម្បីការពារខ្លួន ហើយកុំភ្លេចការបង្កបង្កើនផលទោះសភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយ។ បើតាមសម្តេច ប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅកាលពីឆ្នាំ២០១១នោះទេ។
ការណែនាំរបស់សម្តេចបែបនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រុមប្រឹក្សាជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្មប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុងខេត្តហើយកងទ័ព នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់អាវុធនៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថាកម្លាំងប្រដាប់អាវុធអាចតម្រូវការយូរអង្វែង។
ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយខ្លួនឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេសថៃបច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេស៊ីជាដើមក៏មានបញ្ហាជាមួយគ្នាដែរ។
សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
បន្ថែមពីនេះទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នកដឹកនាំមានប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូលរួមគ្រប់គ្រងសន្តិសុខសង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និងកង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ៕
អត្ថបទ៖ ពុទ្ធិកា

