សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពលរដ្ឋ ជីកលេណដ្ឋានដើម្បី​ការពារ​​ខ្លួន ​និងបង្ក​បង្កើនផល

សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ ហើយ​កុំ​ភ្លេច​ការ​បង្ក​បង្កើន​ផល​ទោះ​សភាពការណ៍​កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល​នេះរ​ដូវ​វស្សា​បាន​មក​ដល់​ហើយ​។ បើតាមសម្តេច ប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ​ផ្លាស់​ប្តូរ​មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច​កន្លង​ទៅ​កាល​ពី​ឆ្នាំ​២០១១​នោះ​ទេ​។

​ការណែនាំរបស់សម្តេចបែបនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រុ​ម​ប្រឹក្សា​ជំរុញ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ផលិត​ផល​កសិកម្ម​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុង​ខេត្ត​ហើយ​កង​ទ័ព​ នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់​ផ្គង់​កម្លាំង​ប្រដាប់​អាវុធ​នៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថាកម្លាំងប្រដាប់​អាវុធ​អាច​តម្រូវ​ការយូរអង្វែង។

ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយ​ខ្លួន​ឯង​ ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេស​ថៃ​បច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេ​ស៊ី​ជា​ដើម​ក៏មានបញ្ហាជាមួយគ្នាដែរ។

សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

បន្ថែមពីនេះ​ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោល​នយោ​បាយ​​ភូ​មិ​ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នក​ដឹក​នាំ​មាន​ប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល​រួម​គ្រប់​គ្រង​សន្តិសុខ​សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និង​កង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ៕

អត្ថបទ៖ ពុទ្ធិកា