រដ្ឋមន្ដ្រីកសិកម្ម លើកទឹកចិត្តឱ្យអ្នកធុរកិច្ចកូរ៉េ វិនិយោគលើ​ការ​ផលិត​ជីកសិកម្ម និងចំណី​សត្វនៅកម្ពុជា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យអ្នកធុរកិច្ចកូរ៉េ សិក្សាពីការវិនិយោគលើផលិតកម្មនៅកម្ពុជាទាក់ទងនឹងជីកសិកម្ម និងចំណីសត្វ ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច មានគុណភាពខ្ពស់ និងតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយនឹងការនាំចូល។

ការលើកទឹកចិត្តនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាអំពីកាលានុវត្តភាពនៃការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យកសិកម្មកម្ពុជា រវាងឯកឧត្តម និងគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការវិនិយោគលើកសិផលមានសក្ដានុពលខ្ពស់មួយចំនួនដូចជាស្វាយ ចេក និងស្វាយចន្ទី ដែលទាមទារការវិនិយោគកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈប្រទេសកូរ៉េមានបទពិសោធន៍លេីការងារនេះស្រាប់ សំដៅទទួលបានតម្លៃបន្ថែមខ្ពស់ និងទទួលបានផលចំណេញទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ទទួលស្វាគមន៍និងលើកទឹកចិត្តដល់ភាគីកូរ៉េធ្វើការវិនិយោគលើអ្វីដែលជាចំនុចខ្លាំងរបស់កម្ពុជាមានស្រាប់ ដើម្បីទទួលបានជោគជ័យឆាប់រហ័ស និងចំគោលដៅនៃការវិនិយោគពិតប្រាកដ ហេីយក្រសួងកសិកម្មនឹងជួយគាំទ្រ តម្រង់ទិសសំដៅផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងជួយប្រជាកសិករក្នុងវិស័យកសិកម្ម៕