ក្នុងនាមប្រជាពលរដ្ឋកម្ពុជាមួយរូប និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមសម្ដែងនូវកតញ្ញូតាធម៌ គោរពស្ញប់ស្ញែង និងសូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានប្រកាសផ្ដួចផ្ដើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរ ពីរាល់ជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។

ឯកឧត្តមបញ្ជាក់ថា ការផ្ដួចផ្ដើមគំនិតនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត ដែលបញ្ជាក់ឱ្យកូនខ្មែរ ក្នុងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗ បានឃើញ ចងចាំ និងយល់ដឹងយ៉ាងប្រត្យក្សថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំខ្មែរដ៏កម្រមួយរូប ក្នុងប្រវត្តិសាស្រ្តជាតិជាង ៥០០ឆ្នាំចុងក្រោយមកនេះ ដែលគ្រប់កាលៈទេសៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានតម្កល់ខ្ពស់ជានិច្ច និងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីការពារ និងសម្រេចឱ្យបាននូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន ពិសេសការកសាង និងរក្សាការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងការលើកកម្ពស់ចំណេះដឹង និងជីវភាពប្រជាជន។
បើតាមរដ្ឋមន្រ្តីមហាផ្ទៃកម្ពុជា ឈរលើមូលដ្ឋាននៃគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចតេជោ ឯកឧត្តមសូមឱ្យជនរួមជាតិទាំងអស់ បន្តរួបរួមស្មារតីជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល គាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីយើងរួមគ្នាបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ជាតិយើង គឺការធានាឱ្យបានច្បាស់និងម៉ឺងម៉ាត់ថា ជនជាតិខ្មែរគ្រប់រូប មិនថាខ្មែរពីកំណើត ឬជនទទួលបានសញ្ជាតិខ្មែរនោះទេ គឺត្រូវតែមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ ហើយរាល់សកម្មភាពឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិ គឺជាទង្វើក្បត់ជាតិ ដែលត្រូវទទួលទណ្ឌកម្មតាមផ្លូវច្បាប់ រួមទាំងការដកហូតសញ្ជាតិខ្មែរ៕
