សម្តេចតេជោ៖ បច្ចុប្បន្ន! កម្ពុជាមិនមែនជាប្រទេសឯកោ ដែលគេអាចប្រមាថដូចនៅអតីតកាលបានឡើយ

ក្រោយរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ប្រទេសកម្ពុជាដ៏កម្សត់នេះ ធ្លាប់ត្រូវគេប្រមាថថាជាប្រទេសឯកោ ខ្សោយ និងប្រមាថមើលងាយពីអតីតកាល ។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាអាចងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់។ 

នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមិទ្ទិញខួបទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍នេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «យើងត្រូវការបំផុតនូវ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយ ប្រជាជាតិណាមួយឡើយ»។ 

ចំណែកឯ សកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ 

ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ 

ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវ ជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

បន្ថែមពីនេះ គណបក្សក៏បានគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធី ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ ២០០០ផងដែរ។

សម្តេចតេជោ រំលឹកពីអតីតកាលយ៉ាងដូច្នេះថា៖ «កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពាន ដណ្តើមយកពីបរទេស។ យើងប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យ អាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី»។ 

សម្តេចតេជោ  អំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្តល់ការគាំទ្រដល់ កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង៕

អត្ថបទ​៖​ ផុន​ លីហ្សា​