រឿងព្រំដែន៖ ទូតទីម័រឡេស្តេថា កម្ពុជាសម្រេចចិត្តដ៏ត្រឹមត្រូវ និងយកកម្ពុជាជាគំរូក្នុងការដោះស្រាយបញ្ហា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

នាឱកាសនោះសម្ដេចតេជោបានពន្យល់ ឯកឧត្តមអគ្គរដ្ឋទូតទីម័រឡេស្តេ អំពីស្ថានភាពព្រំដែននៅកម្ពុជា គឺបញ្ហាជម្លោះកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីការចាប់ផ្ដើមដោយទាហានថៃបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី ២៨ ខែឧសភា និងការបិទព្រំដែនជាឯកតោភាគី។ សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺយើងចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ។

ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ឯកឧត្តមក៏បានកោតសរសើរចំពោះសម្ដេចតេជោ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់កម្ពុជា ដែលជាអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យមួយ ដែលឯកឧត្តមបានរៀនសូត្រ និងគោរពជាទីបំផុតដែលសម្ដេចបានធ្វើកន្លងមក។ ឯកឧត្តមសង្ឃឹមថាខាងមុខទៀត ទីម័រឡេស្តេ នឹងយកកម្ពុជាជាគំរូក្នុងការដោះស្រាយបញ្ហាក៏ដូចជាការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេបានលើកឡើងថា ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ មានអនុស្សាវរីយ៍និងដិតជាប់ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមស្រលាញ់ប្រទេសកម្ពុជា និងចាត់ទុកប្រទេសកម្ពុជាប្រៀបបានដូចប្រទេសទី២របស់ឯកឧត្តម ហើយថ្វីត្បិតតែពេលនេះឯកឧត្តមបានចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបេះដូងរបស់ឯកឧត្តមនៅជាប់ជាមួយនឹងប្រជាជនកម្ពុជាជាប់ជាមួយថ្នាក់ដឹកនាំកម្ពុជា។

ជាមួយគ្នានោះឯកឧត្តមក៏បានអរគុណសម្ដេចតេជោដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅតុលាខាងមុខ ឯកឧត្តមបានលើកឡើងថាប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសម្ដេចតេជោទេ ទីម័រឡេស្តេមិនអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងឆ្នាំខែតុលាខាងមុខនេះទេ។ ដូច្នេះនេះគឺជាគុណរបស់សម្ដេចតេជោដែលបានចូលរួមចំណែកដល់ទីម័រឡេស្តេ ហើយឈ្មោះសម្ដេចតេជោ នឹងស្ថិតនៅជាប់និងប្រជាជនទីម័រឡេស្តេគ្រប់កាលៈទេសៈ៕