ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។

ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីមើលថែឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។
លោក ទ្រី ស៊ីថេង បានបញ្ជាក់ទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រីថា សាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។
ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង ២៦ ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។
ចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រនិងលើកទឹកចិត្តឱ្យលោកទ្រី សុីថេង ទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាក់គី ដូចឪពុកនិងកូន។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀតដែលជាបុគ្គលិកអង្គការ អំពីលក្ខខណ្ឌការងារផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានសន្យាថា នឹងនាំយកសំណើសំណូមពររបស់លោក ទ្រី សុីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់៕

