ឱកាសល្អមកដល់ហើយ ! ផលិតកម្មយក្ស ហ្គាឡាក់ស៊ី ណាវ៉ាត្រា បោះជំហានថ្មីផលិតកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ១០០ លានរៀល !

ស្របពេលដែលវិស័យចម្រៀងរ៉េបនៅក្នុងប្រទេស កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនទាំងក្នុងនិងក្រៅប្រទេស ពេលនេះឱកាសល្អសម្រាប់បេក្ខជនដែលមានបំណងចង់ក្លាយទៅជាតារាចម្រៀងរ៉េប នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដោយផលិតកម្មយក្សនេះបានបោះជំហានថ្មីរៀបចំកម្មវិធីប្រឡងចម្រៀងរ៉េបដោយខ្លួនឯងដែលមានឈ្មោះថា «CAMBO RAPPER » ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ១០០ លានរៀល ។

នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០២៥ នេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានប្រកាសជាដំណឹងជូនទៅដល់បេក្ខជនទូទាំងប្រទេសឱ្យបានជ្រាបថា ផលិតកម្មយក្ស ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបោះជំហានថ្មីមួយទៀត ដោយបានផលិតកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ដើម្បីស្វែងរកជើងខ្លាំងនៅក្នុងវិស័យចម្រៀងរ៉េប ។  

បើតាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER បានបង្ហើបប្រាប់ថា ផលិតកម្ម បានសហការរៀបចំជាមួយក្រុមហ៊ុន KHMER Beverages។ កម្មវិធីប្រកួតប្រជែងទេពកោសល្យចម្រៀងរ៉េបនេះ នឹងផ្តល់ជូនបេក្ខជនដែលជាម្ចាស់ជ័យលាភីក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផងដែរ ។ ចំណែកឯប្រាក់រង្វាន់គឺមានរហូតដល់ទៅ ១០០ លានរៀល ឯណោះ។

សម្រាប់ព័ត៌មានលម្អិតផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងប្រកាសជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខអំពីលក្ខខណ្ឌផ្សេងៗដើម្បីចូលរួមប្រឡងនៅលើផេកផ្លូវការ CAMBO RAPPER ដូច្នេះបេក្ខជនទាំងអស់កុំភ្លេចតាមដានទាំងអស់គ្នា ហើយត្រៀមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើន ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ដែលចង់ក្លាយទៅជាតារាចម្រៀងរ៉េបល្បីល្បាញនាពេលអនាគត ៕