ល្ងាចនេះ លោក ខេម នឹងច្រៀងប្រមូលថវិកាជូនវីវកងទ័ព នៅផ្លូវថ្មើរជើងចតុមុខ

នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ខេម នឹងចូលរួមច្រៀងដើម្បីប្រមូលថវិកាជូនវីវកងទ័ពជួរមុខ នៅផ្លូវថ្មើរជើងចតុមុខ។ នេះជាព្រឹត្តិការណ៍អមមួយនៃព្រឹត្តិការណ៍ដ៏ធំការប្រកួតបាល់ទាត់កៀរគរប្រមូលមូលនិធិគាំទ្រវីវកងទ័ពជួរមុខ ដែលនឹងរៀបចំនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម​ គួច វែងស្រ៊ុន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ថា សម្រាប់បងប្អូនដែលមានបំណងបរិច្ចាគជាមូលនិធិសម្រាប់វីរកងទ័ពអាចចូលរួមតាមរយៈ៖ QR CODE ធនាគារចំនួន២ ដែលក្រុមការងារបានរៀបចំដាក់ក្នុងបណ្ណផ្សព្វផ្សាយ និងចូលរួមបរិច្ចាគផ្ទាល់នៅផ្លូវថ្មើរជើងចតុមុខ នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ និងល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

ចំណែកលោក ខេម បានអំពាវនាវឲ្យបងប្អូនដែលទៅលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ ចូលរួមទិញអាវ ដែលមានតម្លៃត្រឹមតែ ២០​ ០០០រៀល ក្នុង១អាវ និងអាចបរិច្ចាគថវិកាបានផងដែរ ដើម្បីលើកទឹកចិត្តវីរកងទ័ពជួរមុខ។ លោកបានបន្តថា តាមរយៈប្រជាជន វីរកងទ័ពមិនឯកោទេ។

ការប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ មានក្រោមប្រធានបទ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ចូលរួមប្រកួតដោយ ៨ក្រុម រួមមាន៖

*១៖ សសយក All Star
*២៖ ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌
*៣៖ ក្រុមបាល់ទាត់ Vlogger All Star
*៤៖ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា
*៥៖ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ
*៦៖ ក្រុមបាល់ទាត់តារាកម្ពុជា
*៧៖ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព
*៨៖ ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)៕