សេតវិមានបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Donald Trump ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានសរសៃឈាមវ៉ែនរ៉ាំរ៉ៃ ក្រោយមានហើមជើង។ បើតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃសុក្រនេះ។

សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថាលោក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាមាន ជំងឺសសៃឈាមវ៉ៃនដែលបណ្ដាលឱ្យជើងរបស់លោកហើម និងស្នាមជាំលើដៃ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដោយអានលិខិតមួយពីគ្រូពេទ្យរបស់លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានបាននិយាយថា ជើងរបស់លោក ត្រាំ ហើម ដោយសារជំងឺសរសៃឈាមវ៉ែន។ ក្រោយការបញ្ជាក់របស់លោកស្រី Leavitt សេតវិមានបានផ្ដល់ព័ត៌មានបន្ថែមថា ជើងរបស់លោក ត្រាំ ហើមដោយសារតែជំងឺសសៃឈាមវ៉ែន ដែលបណ្ដាលមកពីឈាមត្រឡប់ពីជើងទៅបេះដូងវិញមិនគ្រប់គ្រាន់។ លោកស្រីនិយាយថា ជំងឺនេះតែងតែកើតឡើងជាធម្មតាលើមនុស្សមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ។
លោក ត្រាំ បច្ចុប្បន្ន មានអាយុ៧៩ឆ្នាំ មិនត្រូវបានក្រុមគ្រូពេទ្យរកឃើញថាមានបញ្ហាអាចឈានដល់ការគាំងបេះដូងនោះទេ រីឯក្រលៀនក៏មិនមានបញ្ហាអ្វីនោះដែរ៕



