អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារចល័តឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បន្តចុះសួរសុខទុក្ខ ប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកាជូនវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅច្រកព្រំដែនថ្មដូន ខេត្តឧត្តរមានជ័យ។

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានទៅដល់កងទ័ពច្រកព្រំដែនថ្មដូន ផ្តល់កម្លាំងចិត្តកងទ័ពជួរមុខ ដែលកំពុង ឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុ ការពារ អធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើង គាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ៕



