ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់កងទ័ពជួរមុខដែរលះបង់អស់កម្លាំងកាយចិត្តប្ដេជ្ញាការពារឱ្យខានតែបាននូវបូរណភាពដែនដី និងអធិបតេយ្យជាតិកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បង្ហាញនូវក្ដីរំភើបដែលបានឃើញប្រជាជាតិកម្ពុជាសាមគ្គីរួបរួមគ្នាជាធ្លុងមួយដោយមិនព្រងើយកន្ដើយជាមួយការគំរាមកំហែងណាមួយឡើយ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា « ការជួបជុំនៅថ្ងៃនេះ និងសម្លេងគាំទ្រក្នុងព្រឹត្តិការណ៍ដើររួមគ្នា Solidarity March កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហំពីខឿនការពារជាតិប្រជាជនទៅកាន់កងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនការពារបូរណភាពដែនដី និងអធិបតេយ្យភាពនៃកម្ពុជា។ ខឿនការពារជាតិប្រជាជននេះនឹងនៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន។»
«យើងខ្ញុំមានជំនឿទុកចិត្ត និងសូមគាំទ្រលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការគ្រប់គ្រងស្ថានការណ៍ជាមួយភាគីថៃ ទាំងលើការដ្ឋានការទូត ការដ្ឋានច្បាប់ និងការដ្ឋានយោធាក្នុងការការពារទឹកដីខ្មែរ។ ជាមួយគ្នានេះដែរ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងសូមថ្លែងអំណរគុណ និងកោតសរសើរដល់ទឹកចិត្តមុះមុតកា្លហាន លះបង់ការពារបូរណភាពទឹកដី ដាច់ខាតមិនឱ្យខ្មាំងសត្រូវឈ្លានពានវានដោយងាយនោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តម ហ៊ុន ម៉ានី៕



