ទឹកជំនន់នៅចិនឆក់យកជីវិតមនស្ស ៣០នាក់ហើយ!

ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង បណ្តាឲ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវជម្លៀស នៅ Miyun និង Yanqing ដែលជាសង្កាត់ព្រៃភ្នំរបស់ប្រទេសចិន។ 

តាមការចេញផ្សាយរបស់សារព័ត៌មាន​Reuters នៅថ្ងៃអង្គារនេះ ភ្លៀងបន្តធ្លាក់ខ្លាំងចាប់តាំងពីចុងសប្តាហ៍រហូតដល់ ៥៤៣មីលីម៉ែត្រ នៅក្នុងតំបន់មួយចំនួន។ ប្រជាពលរដ្ឋជាង ៨ម៉ឺននាក់ត្រូវបានជម្លៀស ដោយមានការខូចខាតផ្លូវថ្នល់ ដាច់ចរន្តអគ្គិសនីនៅក្នុងភូមិជាង ១៣០ និងការកើនឡើងកម្ពស់ទឹកទន្លេដែលជំរុញឱ្យមានការរំដោះទឹកពីទំនប់ទឹក។

ជាឆ្លើយតបភ្លាមៗ ប្រធានាធិបតីចិន ស៊ី​ ជីនពីង បានចេញបទបញ្ជាឱ្យមានប្រតិបត្តិការជួយសង្គ្រោះទាន់ពេល និងវិធានការសុវត្ថិភាពយ៉ាងតឹងរឹង រួមទាំងការផ្អាកសាលារៀន សំណង់ និងសកម្មភាពទេសចរណ៍។

សូមជម្រាបថា ដោយមាន​ការព្យាករណ៍​ភ្លៀង​ធ្លាក់​កាន់តែច្រើន អាជ្ញាធរទីក្រុងប៉េកាំង​ជំរុញ​ឲ្យ​ពលរដ្ឋស្នាក់នៅ​ក្នុងផ្ទះ និង​ចៀសវាង​ទៅកាន់តំបន់​ងាយ​នឹង​មាន​ទឹកជំនន់​៕