នាព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកអនុសេនីយ៍ឯក ពោ វ៉ៃ ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។

លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។
បន្ថែមពីនេះ លោកឧកញ៉ាក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ដោយបានកត់សម្គាល់ថា ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា យុទ្ធជនពលី លោកអនុសេនីយ៍ឯក ពោ វ៉ៃមានអាយុ ៤៦ឆ្នាំ បច្ចុប្បន្នស្ថិតភូមិវាស្បូវ សង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បំរើការងារនៅកងពលលេខ៨ កងពលធំលេខ៣ ខេត្តព្រះវិហារ បំពេញបេសកម្មការពារជាតិនៅសមភូមិភ្នំទ្រព្យ ខេត្តព្រះវិហារ។




