ថៃ កាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ

ការបញ្ជូនកម្លាំងកាន់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ហើយថែមទាំងបានរាយបន្លាលួស ដែលជាដែនអធិបតេយ្យរបស់កម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បើទោះបីជាកងកម្លាំងកម្ពុជាហាមឃាត់យ៉ាងខ្លាំងខ្លាក៏ដោយនោះ គឺ ថៃខ្លួនឯងទេ៖

១.ថៃកំពុងដើរចូលអន្ទាក់ច្បាប់អន្តរជាតិកាន់តែជ្រៅទៅៗ ជាប្រៀបឈ្នះរបស់កម្ពុជានៅតុលាការអន្តរជាតិ។ យើងអនុវត្តយុទ្ធសាស្ត្រ«បន្លាយខ្សែឱ្យវែងចាប់ត្រីធំ»។ ថៃគឺជាត្រី ដែលកម្ពុជាអង្គុយស្ទូច និងរង់ចាំវាត់។

២.ថៃប្រឈមនឹង«បទឈ្លានពានរដ្ឋអធិបតេយ្យ»តាមច្បាប់អន្តរជាតិ។ សូមចាំថា រាល់ប្រតិបត្តិការយោធាលើបូរណភាពដែនដីរដ្ឋដទៃ ដោយគ្មានការយល់ព្រម គឺជាការឈ្លានពាន។ សកម្មភាពនេះ ជាភស្ដុតាងដែលថៃពិបាករកមេធាវីសម្រាលបន្ទុក និងត្រូវចារក្នុងប្រវត្តិសាស្ត្រថា ជាប្រទេសប្រព្រឹត្តិបទឈ្លានពានរដ្ឋដទៃ ដែលជាឧក្រិដ្ឋកម្មអន្តរជាតិ។

៣.ថៃកាន់តែបង្ហាញថា ខ្លួនបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ នាថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយតម្រូវឱ្យឈប់បាញ់ដោយឥតលក្ខខណ្ឌ ហាមប្រាមចល័ត បង្កើនកម្លាំង យុទ្ធោបករណ៍ និងជាការប្រមាថ សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី និងអនុព័ន្ធយោធានានា ព្រមទាំងបណ្ដាអង្គទូតជាច្រើន ដែលបានចុះទៅអង្កេតការអនុវត្តបទឈប់បាញ់។

៤.ថៃប្រតិបត្តិការយោធាលើអធិបតេយ្យភាពរបស់កម្ពុជានេះ គឺជាការបង្កលេសសង្គ្រាម និងគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។

៥.ថៃប្រតិបត្តិការយោធាលើដែនអធិបតេយ្យរបស់កម្ពុជានេះ គឺកាន់តែត្រដាងកេរ្តិ៍កណ្ដាលវាលប្រាប់អន្តរជាតិថា អ្វីៗ គឺសុទ្ធតែខ្លួនជាអ្នកចាប់ផ្ដើមមុនរហូតមក«Thai first»។

យើងបញ្ជាក់ជាថ្មីថា កម្ពុជាទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់តំបន់អានសេះដែលជាដែនដីរបស់កម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ យើងបន្តអត់ធ្មត់ មិនចាញ់ឧបាយអមិត្ត តែប្រមូលភស្ដុតាង បម្រើសំណុំរឿងនៅតុលាការអន្តរជាតិ។ យើងខាំមាត់សង្កត់ចិត្ត«សង្ងំមិនមាត់ដូចពស់ ចាំចឹកសម្លាប់»តែម្ដង ដូចដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍កន្លងទៅ៕

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ