ព្រះមហាក្សត្រ ព្រះរាជទានសិទ្ធិជូននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព និងការពារបូរណភាពទឹកដី

ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជសារប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាព នព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ។

ក្នុងព្រះរាជសារនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរដ៏ក្រៃលែង ចំពោះវីរភាព ដ៏អង់អាច់ ក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន នៅក្នុង សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និង ការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅ ទូទាំងប្រទេស ដែលបានរូបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិ យោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យជាតិការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង ។