បណ្ឌិត គិន ភា៖ បងប្អូនយើងលែងឯកោហើយ ការពិត យុត្តិធម៌ និងសន្តិភាព ត្រូវតែឈ្នះ! 

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានលើកឡើងថា ចាប់ពីថ្ងៃផ្ទះសង្គ្រាមមក ជាពិសេសចាប់ពីល្ងាចថ្ងៃទី១ ខែសីហា ដែលកងទ័ពថៃបានសន្យាថា ប្រគល់វីរកងទ័ពយើងដែលពួកគេបានចាប់ជំរិតយកទៅដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន តែមិនប្រគល់តាមការសន្យា ខ្ញុំក៏ដូចជាបងប្អូនខ្មែរយើងដទៃទៀត បានផ្ញើលិខិតចំហជាច្រើនតាមបណ្ដាញសង្គម ទៅកាន់បណ្តាប្រទេសធំៗ និងសហគមន៍អន្តរជាតិទាំងមូល ស្នើឱ្យថៃប្រគល់វីរកងទ័ពយើងដែលគេចាប់ទៅដោយខុសច្បាប់មកវិញ, ទាមទារឱ្យថៃគោរពបទឈប់បាញ់ដោយស្មោះត្រង់, ស្នើឱ្យសហគមន៍អន្តរជាតិជួយតាមដានការអនុវត្តបទឈប់បាញ់, អរគុណសហគមន៍អន្តរជាតិសម្រាប់ការជួយជ្រោមជ្រែងរបស់ពួកគេ, ការពារសន្តិភាព យុត្តិធម៌ និងការពិត, និងគាំទ្រនិងចូលរួមអនុវត្តបទឈប់បាញ់។ 

តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោកបណ្ឌិត គិន ភា បានរំលេចថា យើងបានធ្វើលិខិតចំហផង ឆ្លើយឆ្លងតាមខុម្មិន លើបណ្តាញសង្គមសារព័ត៌មានអន្តរជាតិធំៗផង, ហើយបងប្អូនកូនក្មួយយុវជនយើង នៅតែបន្តយ៉ាងសកម្មក្នុងការផលិតមាតិកាបំភ្លឺពិភពលោក។ សំឡេងរបស់ក្មួយៗយុវជនខ្មែរយើងបានលាន់ឮកងរំពងពាសពេញពិភពលោក។ គ្រាន់តែបទចម្រៀង វ៉ាន់ដា មួយបទ បានថ្ពក់យកបេះដូងប្រជាជនជុំវិញពិភពលោករាប់សិបលាននាក់។ នេះក៏ព្រោះតែយើងឈរលើការពិត យុត្តិធម៌ និងសន្តិភាព។ ឥឡូវនេះពិភពលោកទាំងមូលឈរជាមួយយើង មិនមែនគេកាន់ជើងទាំងទទឹងទិសទេ តែគេឈរលើការពិត យុត្តិធម៌ និងសន្តិភាពជាមួយយើង។ បងប្អូន, យើងលែងឯកោហើយ, ការពិត យុត្តិធម៌ និងសន្តិភាព ត្រូវតែឈ្នះ! 

បើតាមលោកបណ្ឌិតរយៈពេលជាង១០ថ្ងៃមកនេះ បងប្អូនយើងធ្វើបានល្អណាស់ ស្រុះដៃគ្នាណាស់ និងសកម្មណាស់។ យើងត្រូវបន្តបេសកកម្មនេះតទៅទៀត ដើម្បីការពារអធិបយេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង។ យើងត្រូវតែបន្តតស៊ូប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅនេះនិងការប្រមាថដ៏ឈឺចាប់នេះឱ្យបានជាដាច់ខាត។ យើងត្រូវប្រឹងប្រែងទាំងអស់គ្នា នរណាអាចធ្វើអី្វបាន ធ្វើហ្នឹង តាមសមត្ថភាព លទ្ធភាព តួនាទី និងភារកិច្ចរៀងៗខ្លួន។ តែបើអ្នកមិនអាចធ្វើអី្វបាន សូមនៅឱ្យស្ងៀម កុំបំផ្លាញទឹកចិត្តនិងស្មារតីស្នេហាជាតិរបស់បងប្អូនជនរួមជាតិយើង៕