ប្រធានាធិបតីហ្វាំងឡង់ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ លោក ត្រាំ រកបទឈប់បាញ់បន្ទាន់ក្នុងសង្រ្គាមរុស្សុី-អ៊ុយក្រែន

លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់បានជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដោយបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែសីហានេះ បានដកស្រង់សារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ របស់លោក Stubb បានគូសបញ្ជាក់ថា «ពេលវេលាកំណត់របស់ប្រធានាធិបតី ត្រាំ សម្រាប់បទឈប់បាញ់កំពុងខិតជិតមកដល់។ ហ្វាំងឡង់ គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកបទឈប់បាញ់ភ្លាមៗ។ ការចរចារយៈពេលវែង ត្រូវតែនាំទៅរកសន្តិភាពយូរអង្វែង និងយុត្តិធម៌»។

លោក ត្រាំ បានគំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី និងអ្នកទិញប្រេងពីរុស្ស៉ី រួមទាំងឥណ្ឌា និងចិន លុះត្រាតែលោក ពូទីន យល់ព្រមនៅថ្ងៃសុក្រនេះ ថានឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន។

នៅថ្ងៃទី៤ ខែសីហា  លោក ត្រាំ បានព្រមានដំឡើងពន្ធគយដ៏ច្រើនគំហុកលើឥណ្ឌា ដែលបានទិញប្រេងឆៅដ៏ច្រើនគំហុក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកើតមាន។ បើតាមលោក ត្រាំ រដ្ឋាភិបាលក្រុងញូវដែលី មិនខ្វល់ឡើយ ថាតើមនុស្សប៉ុន្មាននាក់ ត្រូវបានសម្លាប់ដោយសង្រ្គាមរុស្ស៊ី។

ក្រោយការព្រមានរបស់សម្ព័ន្ធមិត្តអាម៉េរិក ឥណ្ឌា បានប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងចាត់ទុកការរិះគន់ មានសមហេតុផល និងមិនត្រឹមត្រូវ។ 

តាមសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៤ ខែសីហា លោក Randhir Jaiswal បានការពារថា ការនាំចូលប្រេងរបស់ឥណ្ឌា គឺដើម្បីការពារទីផ្សារ ដោយស្ថានភាពទីផ្សារសកល៕