អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានលើកឡើងថា លោកនឹងបញ្ជូនក្រុមការងារមួយក្រុមទៅប្រទេសថៃឆាប់ៗខាងមុខ ដើម្បីពិភាក្សាពីលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតួនាទីតាមដានការអនុវត្តបទឈប់បាញ់រវាងថៃ-កម្ពុជា។

សារព័ត៌មាន Bernama នៅថ្ងៃទី១០ ខែកញ្ញា បានផ្សាយថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក Tan Sri Mohd Nizam Jaffar បានបញ្ជាក់ថា លក្ខខណ្ឌប្រតិបត្តិ (TOR) ដែលត្រូវបានពិភាក្សានិងឯកភាពរួចហើយដោយកម្ពុជា ក៏ត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរថៃផងដែរ ដើម្បីធានាថា ភាគីទាំងពីរ ស្របជាមួយគ្នាទៅលើយន្តការសម្រាប់តាមដានការរក្សាសន្តិភាពតាមបណ្ដោយព្រំដែន។
សូមជម្រាបថា តាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា នៅខេត្តកោះកុង ភាគីកម្ពុជា-ថៃ បានឯកភាពជាគោលការណ៍លើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័តពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្នុងអំឡុងពេលរង់ចាំការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) និងបានឯកភាពគ្នាក្នុងការបន្តប្រើប្រាស់យន្តការនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព៕
