ឯកឧត្តម ខៀវ កាញារិទ្ធ៖ ការឃោសនាត្រូវរត់នឹងសភាពការណ៍ ហើយ អ្នកឃោសនាត្រូវក្តាប់ច្បាស់ពីការណ៍ពិតកុំលង់នឹងការឃោសនារបស់ខ្លួន 

ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុកនាព្រឹកថ្ងៃពុធ បានអំពាវនាវឲ្យស្ថាប័នសារ ព័ត៌មាន ប្រយ័ត្នក្នុងបញ្ជូនសារ ដោយឯកឧត្តមគូសបញ្ជាក់ថា ការឃោសនាត្រូវរត់នឹងសភាពការណ៍ ហើយ អ្នកឃោសនាត្រូវក្តាប់ច្បាស់ពីការណ៍ពិតកុំលង់នឹងការឃោសនារបស់ខ្លួន។

តាមរយៈបណ្តាញសង្គមឯកឧត្តមបានលើកឡើងថា សូមនិយាយបន្តិចពីកាំបិតមុខ ២ នៃការឃោសនា ! កន្លងមក ថៃប្រឹងស្រែកថាពួកគេជោគជ័យខ្លាំងព្រោះសម្លាប់មេទ័ពកម្ពុជាតាំងពីថ្នាក់ឧត្តមសេនីយឡើង តែបានតែបន្តិចក៏បិទមាត់ឈឹង ព្រោះអ្នកក្តៅក្រហាយគឺទាហានថៃ ។ ទាហានថៃនិយាយថា មេទ័ពខ្មែរស្លាប់ព្រោះមេទ័ពខ្មែរនៅជួរប្រយុទ្ធជាមួយកូនទាហាន ឯមេទាហានថៃនៅសម្ងំតែខាង ក្រោយ រុញកូនទាហានអោយស្លាប់ជំនួស មិនសមជាមេទេ។ ឮរឿងនេះ ខ្ញុំក៏នឹកឃើញសម័យកម្ពុជាប្រជាធិបតេយ្យច្បាំងជាមួយវៀតណាម ។ នៅឆ្នាំ ១៩៧៨ វិទ្យុកម្ពុជាប្រជាធិបតេយ្យ និយាយថាប្រជាជនវៀតណាមស្អប់រដ្ឋាភិបាលខ្លួនហើយធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយួនរាល់ថ្ងៃ ។ ពេលពួកយើងអ្នកថ្មីស្តាប់ឮ ក៏លាន់មាត់ថា «យី​យ៉ាងហោចណាស់​ គេអាចធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលគេបាន បានន័យថាគេមានសេរីភាពឆ្ងាយដាច់ពីយើងហៅមិនឮ ព្រោះខាងយើងវិញគ្រាន់តែហ៊ានរិះគន់មេសហករណ៍ក៏គេយកទៅវ៉ៃចោលដែរ ។ បើវៀតណាមមក យ៉ាងហោចក៏គ្រាន់បើដែរ ! »។ នេះហើយជាកាំបិតមុខ ២ ។

ឯកឧត្តមបានសង្កត់ធ្ងនើថា ការឃោសនាត្រូវរត់នឹងសភាពការណ៍ ហើយ អ្នកឃោសនាត្រូវក្តាប់ច្បាស់ពីការណ៍ពិតកុំលង់នឹងការ ឃោសនារបស់ខ្លួន ។ វៀតណាមខាងជើងព្រោះតែលង់នឹងការឃោសនារបស់ខ្លួនថាជាការពិត បានជាបរាជ័យក្នុងការវាយលុកបុណ្យចូលឆ្នាំ ( Têt Offensive ) ឆ្នាំ ១៩៦៨ ។