សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

ក្រោយប្រធានាធិបតីអាមេរិកទី៤៧ ចូលរួមផ្តួចផ្តើមឲ្យមានបទឈប់បាញ់ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៧ សីហា ឆ្នាំ២០២៥ បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ 

សម្តេចធិបតីបានបញ្ជាក់ថា ការផ្ញើលិខិតជាផ្លូវការទៅគណៈ កម្មការពានរង្វាន់ណូបែលសន្តិភាពនាពេលនេះ ធ្វើឡើងស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅ ប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump  ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។

សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី អាមេរិក និងចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅដោយជោគជ័យការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងនាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងអាមេរិក ដោយមានការចូលរួមដ៏សកម្មពីចិន៕