សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៨ចំនុច ដើម្បីជំរុញ​ការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច

ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាអនុសាសន៍៨ចំនុច ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

អនុសាសន៍ទាំង៨ចំនុចនោះរួមមាន៖

ទី១- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដែលបាននិងកំពុងប្រតិបត្តិការលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អរបស់ បងប្អូនជនជាតិដើមភាគតិច។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារលើកកម្ពស់ការអភិវឌ្ឍនិង អភិរក្សជនជាតិដើមភាគតិច ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្តីពីការ អភិវឌ្ឍជនជាតិដើមភាគតិច ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច កាន់តែមាន ប្រសិទ្ធភាព។

ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍនានា អង្គការមិនមែន រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារកំណត់អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិច។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្តានុពលវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ទី៥- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយទៅដល់គ្រប់សហគមន៍ ជនជាតិដើមភាគតិច និងសាធារណជនទូទៅបានយល់កាន់តែច្បាស់ និងជ្រួតជ្រាបអំពីអត្ថន័យនៃទិវានេះ។

ទី៦- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមការអភិវឌ្ឍ ដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើងក្នុងនាមជនជាតិខ្មែរតែមួយ។

ទី៧- បងប្អូនជនជាតិដើមភាគតិច ត្រូវចូលរួមយ៉ាងសកម្មក្នុងការអភិរក្សអត្តសញ្ញាណ និងវប្បធម៌ របស់ខ្លួនតាមរយៈការប្រើប្រាស់ភាសា ការប្រតិបត្តិ ការថែរក្សា ការអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ ដល់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន២១៣សហគមន៍ បានចុះ បញ្ជីជានីតិបុគ្គលពីក្រសួងមហាផ្ទៃ ចំនួន១៥៥សហគមន៍ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍៕

អត្ថបទ៖ ពុទ្ធិកា