ស៊ីម៉ាក់៖ យោធាថៃបានប្រេីប្រាស់កាំភ្លេីងធំ១១៥មម​ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលច្បាប់អន្តរជាតិហាមឃាត់

អគ្គនាយកស៊ីម៉ាក់ ឯកឧត្តម ហេង រតនា នៅថ្ងៃទី១២ ខែសីហានេះ បានបង្ហាញលទ្ធផលការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម។

ឯកឧត្តមបានឲ្យដឹងថា ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ​ ភាគីសៀមបានប្រេីប្រាស់កាំភ្លេីងធំ១១៥មម​ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦។ កូនគ្រាប់បែកចង្កោមដែលបាញ់ហេីយមិនផ្ទុះ​ មានហានិភ័យខ្ពស់ណាស់​ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា​ គ្រាប់បែកចង្កោមទាំងនោះ​ អាចស្ថិតនៅលេីដេីមឈេី​ឬលេីដំបូលផ្ទះ​ឬលេីដី​ ឬក្នុងដី​ ឬក្នុងទឹកជាដេីម។

កម្លាំងអង្គភាព CMAC បានរកឃេីញគ្រាប់បែកខាងលេីនេះនៅភូមិសាស្ត្រមួយចំនួន​ និងកំពុងតែមមាញឹកចុះស្រាវជ្រាវ​ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា​ និងធ្វេីការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ទន្ទឹមនេះ អគ្គនាយកស៊ីម៉ាក់អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង​ ស្រុកបន្ទាយអំពិល​នៃខេត្តឧត្តរមានជ័យ​ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ​ បានឃេីញឬសង្ស័យគ្រាប់បែកចង្កោម​ ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ សូមទាក់ទងមន្ត្រីជំនាញអង្គភាពសុីម៉ាក់​ ឬអាជ្ញាធរមូលដ្ឋាន​ ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត​ ដេីម្បីជួយដោះស្រាយជូន។

សូមបញ្ជាក់ថា ​ច្បាប់អន្តរជាតិហាមប្រេីប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាន​នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួម​ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕