នគរបាលខេត្តកណ្តាល ឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya

កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។

ទោះបីយ៉ាងណា ការចុះឃាត់អ្នកលក់ឡេល្បីឈ្មោះនេះ គេនៅមិនទាន់ដឹងពាក់ព័ន្ធនឹងករណីអ្វីនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចបាននាំខ្លួនឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riyaទៅស្នងការដ្ឋានខេត្តកណ្ដាល ដើម្បីសួរនាំបន្តនីតិវិធី។

គួរបញ្ជាក់ថា ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់នៅលើបណ្តាញសង្គម ធ្លាប់ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហៅមកណែនាំម្តងហើយ ពាក់ព័ន្ធនឹងសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។

គ្រានោះ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបសស្ត្រី នៅចំពោះមុខតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ៕