លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនាវដល់ឱ្យភាគីថៃ ប្រគល់យោធិនកម្ពុជាទាំង១៨នាក់ ឱ្យត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ មានរយៈពេល២០ថ្ងៃហើយ។ ការអំពាវនាវរបស់លោកជំទាវបែបនេះ បានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវឧត្តមសេនីយ៍ឯក បានអះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រជាពលរដ្ឋកម្ពុជា មិនទុកឱ្យសមាជិកណាម្នាក់ចោល និងឯកកោជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ នៅប្រទេសម៉ាឡេស៉ី។
លោកជំទាវ បានបន្ថែមថា កម្ពុជា នៅតែបញ្ជាក់ពីជំហរដោយស្មោះត្រង់របស់ខ្លួន ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕