ក្រោយទាហានថៃបាញ់រះលើជនស៊ីវិល ពេលនេះយោធាថៃបញ្ជូនគ្រូពេទ្យផ្លូវចិត្ត ពិនិត្យ និងព្យាបាលកងទ័ពជួរមុខរបស់ខ្លួន

ក្រោយទាហានថៃបាញ់ប្រជាជនស៊ីវិល ២នាក់ឱ្យរបួស មុននឹងធ្វើអត្តឃាត នៅក្នុងព្រៃនៅខេត្តសុរិន្ទដោយមានសម្ពាធផ្លូវចិត្ត ពេលនេះយោធារបស់ថៃនៅថ្ងៃទី១៨ ខែសីហានេះ បានបញ្ជូនក្រុមគ្រូពេទ្យព្យាបាលផ្លូវចិត្តទៅថែទាំកងទ័ពជួរមុខរបស់ខ្លួននៅតំបន់ព្រំដែនថៃ-កម្ពុជា។ 

កាលពីសប្តាហ៍មុន មេទ័ពភូមិទី២របស់ថៃ លោក ប៊ុនស៊ិន បាដក្លាង បាននិយាយថា ទាហានថៃដែលឈរជើងនៅក្នុងខេត្តសុរិន្ទបានបាញ់កាំភ្លើងជាច្រើនគ្រាប់ និងធ្វើឱ្យប្រជាជនស៊ីវិល ២នាក់របួស ហើយទាហានថៃម្នាក់នោះធ្វើអត្តឃាតខ្លួន ករណីនេះលោកបានអះអាងថា អាចបណ្តាលមកពីកត្តាស្រ្តេសរបស់ទាហានជួរមុខ។

សារព័ត៌មាន The Nation បានផ្សាយថា ក្រោយហេតុការណ៍នេះកើតឡើង យោធាថៃបានបញ្ជូនក្រុមគ្រូពេទ្យព្យាបាល និងវាយតម្លៃវិបត្តិផ្លូវចិត្តយោធា ទៅតាមដានសុខភាពផ្លូវចិត្តកងទ័ពជួរមុខ ដែលមានវត្តមាននៅព្រំដែនជាប់ជាមួយកម្ពុជា។

បើតាមយោធាថៃ ក្នុងការត្រួតពិនិត្យនេះ ក្រុមគ្រូពេទ្យថៃ ត្រូវកំណត់ស្ថានភាពសុខភាពផ្លូវចិត្តទាហានថៃជា៣កម្រិត រួមមាន៖ កម្រិតស្រាល កម្រិតមធ្យម និងធ្ងន់ធ្ងរ ចំណែកទាហានថៃដែលមានស្ថានភាពផ្លូវចិត្តធ្ងន់ធ្ងរ នឹងត្រូវបញ្ជូនទៅព្យាបាល៕