ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា សម្រាប់រយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌល កម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។

ឯកឧត្ដម ហួត ហាក់ បានមានប្រសាសន៍ថា វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសលំហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរចិនមកកម្ពុជានៅមុនវិបត្តិជំងឺកូវីដ-១៩ មានចំនួនប្រមាណ ២,៤ លាននាក់ នៅឆ្នាំ២០១៩។ កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរចិន មានចំនួនប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥% ។
ឯកឧត្ដមរដ្ឋមន្រ្ដីសង្ឃឹមយ៉ាងមុតមាំថា តាមនិន្នាការនេះ ការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា បង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការសម្រេចបំណងប្រាថ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា យោងនិន្នាការនៃស្ថិតិខាងលើ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា៖ «សម្រាប់កម្ពុជា យើងបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ និងវិនិយោគិនចិននៅកម្ពុជា»។
បើតាមឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងកម្ពុជា-ចិន ពិសេសតាមរយៈយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ដែលយើងបានអនុវត្តន៍រួមគ្នា ពេញមួយឆ្នាំ២០២៤ កន្លងមក ក្រសួងទេសចរណ៍ បានសហការជាមួយមិត្តចិន បានរៀបចំឱ្យមានព្រឹត្តិការណ៍ និងកម្មវិធីដ៏សម្បូរបែប ច្នៃប្រឌិត មានភាពទាក់ទាញ និងរស់រវើក ដែលរួមមាន៖ ព្រឹត្តិការណ៍វប្បធម៌ផ្សារភ្ជាប់ទេសចរណ៍, ព្រឹត្តិការណ៍ពិព័រណ៌, ព្រមជាមួយការរៀបចំ និងចូលរួមកម្មវិធីមួយចំនួនទៀត ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសចិន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា សម្រាប់ឆ្នាំ២០២៥នេះ យើងក៏នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ដូចនេះទៀត ក្នុងរយៈពេលមួយឆ្នាំពេញ គិតចាប់ពីការប្រកាសបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» កាលពីខែឧសភា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៦ និងបន្តទៅឆ្នាំបន្តបន្ទាប់ទៀតខាងមុខ។
ជាមួយគ្នានេះដែរឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដី ក្រសួង ទេសចរណ៍ជឿជាក់យ៉ាងមុតមាំថា តាមរយៈការរៀបចំកម្មវិធី ការសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន ក្រោមប្រធានបទ «ស្លាបនៃសន្តិភាព» រួមចិត្ត រួមដៃ វាសនារួម នាពេលនេះ នឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌ តាមរយៈការបង្ហាញពីសក្តានុពលទេសចរណ៍ សិល្បៈ និងវប្បធម៌ដ៏សម្បូរបែប ការពង្រីកការផ្សព្វផ្សាយពីសក្តានុពលទាំងនេះ ឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាទៅកាន់ប្រជាជននៅទូទាំងពិភពលោក។ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្ដីចាត់ទុកប្រធានបទ «ស្លាបនៃសន្តិភាព» នារាត្រីនេះ ក៏បានរម្លឹកអំពីគុណតម្លៃនៃ «សន្តិភាព» ដែលជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ៕

