ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដឹកនាំបណ្តាអង្គទូត និងអង្គការអន្តរជាតិ ដើម្បីចុះផ្ទាល់នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ដើម្បីពិនិត្យជាក់ស្តែងអំពីការអនុវត្តបទឈប់បាញ់។

គួរម្លឹកថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេសកម្ពុជា ដោយមានការចូលរួមពីតំណាង៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូត នៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃចូលរួមផងដែរ។
នៅក្នុងបទបង្ហាញ ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ប្រាប់បណ្តាអង្គទូត និងអង្គការអន្តរជាតិនានានៅកម្ពុជាថា យោធាថៃនៅតែបន្តរំលោភបំពាន ដោយមានសកម្មភាពរុលទន្ទ្រាន តាមរយៈការរាយបន្លាលួស ការធ្វើលេណដ្ឋាន និងការឈូសឆាយ នៅតំបន់ជម្លោះ ដែលសកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នា និងធ្វើឱ្យបទឈប់បាញ់មានការផុយស្រួយ។ ហើយឯកឧត្តម បានសន្និដ្ឋានថា សន្តិភាពមិនអាចស្តារឡើងវិញបានទេ បើសិនជាសហគមន៍ប្រជាជននៅតែស្ថិតនៅក្នុងអន្ទាក់នៃការភ័យខ្លាច និងភៀសខ្លួនចោលផ្ទះសម្បែង។ បើតាមឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ប្រមុខការទូតកម្ពុជា ក៏បានបង្ហាញអំពីជំហររបស់កម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់បំផ្លិចបំផ្លាញដោយសារសង្គ្រាម កម្ពុជាចង់បានសន្តិភាព ហើយសន្តិភាព ត្រូវបានដោះស្រាយដោយការសន្ទនា មិនមែនដោយសារអាវុធនោះទេ ព្រោះសង្គ្រាម បានបំផ្លាញអាយុជីវិតមនុស្ស។ កម្ពុជាបានចាប់ផ្តើមធ្វើការយ៉ាងសស្រាក់សស្រាំ ចាប់តាំងពីថ្ងៃដែលវិបត្តិបានកើតឡើង ដើម្បីកាត់បន្ថយភាពតានតឹង និងស្តារមកវិញនូវភាពស្ងប់ស្ងាត់។ កម្ពុជាបានតម្កល់បទឈប់បាញ់ទាំងភាសា និងកាយវិការ៕




