ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង ​នា​ថ្ងៃស្អែកនេះ

ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​ព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ នឹងយាង​ទៅ​ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ។

ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូលថា ក្នុងឱកាសនៃការគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាម​ព្រះ​អង្គ។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យ​ពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខ​ភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក។ លើកទី១ធ្វើឡើងនៅដើមឆ្នាំ ហើយលើកទី២ ធ្វើឡើងនៅចុងឆ្នាំ៕