ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រវិហារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព” នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី បានឲ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាបង្កើតបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងជនភៀសខ្លួនដែលកំពុងស្នាក់នៅទីនោះ តាមរយៈការរត់រួមគ្នា ពួកគាត់មិនត្រឹមតែបានហាត់ប្រាណប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ក្នុងស្មារតីសាមគ្គីភាព និងក្តីសង្ឃឹម។
លោកបន្តថា កម្មវិធីនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។
សូមជម្រាបថា ទន្ទឹមនឹងកាតរៀបចំកីឡារត់ម៉ារ៉ាតុង រដ្ឋបាលខេត្តព្រះវិហារ ក៏បានរៀបចំព្យុះហយាត្រា “ដើរដើម្បីសន្តិភាព” នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ដែលធ្វើឡើងក្នុងស្មារតីស្នេហាជាតិ ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងស្រឡាញ់ទឹកដីរបស់ខ្លួន។ ព្រមជាមួយគ្នានេះ ក៏ជាការបង្ហាញទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយមិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។
ប្រជាជនខ្មែរទាំងអស់ សូមអំពាវនាវទាមទារឱ្យមានការដោះលែងវីរយុទ្ធជនទាំង ១៨ រូប ដែលត្រូវបានកងទ័ពសៀមចាប់ខ្លួនខុសច្បាប់ក្រោយបទឈប់បាញ់។ សូមឱ្យវីរយុទ្ធជនទាំងនោះបានវិលត្រឡប់មកកម្ពុជាវិញ និងសូមឱ្យមានភាពប្រក្រតីឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕






