ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គម្រោងកម្ពុជាសរុបចំនួន ១១ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក។
គម្រោងទាំងនោះនឹងផ្តល់ផលប្រយោជន៍ជា ច្រើននៅតាមវិស័យផ្សេងៗ រួមមាន៖ ទេសចរណ៍ សុខាភិបាល កសិកម្ម ការអភិរក្សនិងការស្ដារឡើងវិញ នូវតំបន់វប្បធម៌ ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការលើក កម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងការលុប បំបាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
គួរកត់សម្គាល់ថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងចំនួន ៩៥ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែក យ៉ាងសំខាន់ដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕